វ័យជិតអស់រដូវ(Perimenopause)គឺជាដំណាក់កាលដែលរាងកាយរបស់អ្នកចាប់ផ្ដើមផ្លាស់ប្ដូរទៅរកការអស់រដូវ។ អំឡុងពេលនេះ ក្រពេញអូវែផលិតអរម៉ូនកាន់តែតិច ធ្វើឱ្យវដ្តរដូវប្រែប្រួលមិនទៀងទាត់ និងជាសញ្ញានៃការបញ្ចប់វ័យបន្តពូជ។ ទោះបីជាវាជាមានការប្រែប្រួលធម្មជាតិតាមវ័យក៏ដោយ ការផ្លាស់ប្តូរផ្នែករាងកាយ និងផ្លូវចិត្តមួយចំនួន អាចបង្កផលរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងធ្វើឱ្យអ្នកមិនស្រណុកក្នុងខ្លួនឡើយ។
ទោះបីជារោគសញ្ញាមានភាពខុសគ្នាចំពោះបុគ្គលម្នាក់ៗក៏ដោយ ក៏មនុស្សភាគច្រើនជួបប្រទះយ៉ាងហោចណាស់នូវរោគសញ្ញាមួយ ក្នុងចំណោមរោគសញ្ញាខាងក្រោមនេះដែរ៖
១. រដូវមកមិនទៀងទាត់ ឬបាត់រដូវ៖ រដូវមកខុសប្រក្រតី តិចឬច្រើនពេក ឬខកខានមិនមកតែម្ដង។
២. បរិមាណឈាមរដូវប្រែប្រួល៖ ឈាមរដូវមកច្រើនពេក ឬតិចពេកជាងធម្មតា។
៣. អារម្មណ៍មិននឹងនរ៖ ឆាប់ខឹង ឆាប់មួម៉ៅ ធ្លាក់ទឹកចិត្ត ឬអារម្មណ៍ប្រែប្រួលលឿន។
៤. ថយចំណង់ផ្លូវភេទ៖ មិនមានអារម្មណ៍ ឬចំណង់ផ្លូវភេទទាល់តែសោះថយចុះ។
៥. អាការៈក្ដៅភាយៗ (Hot Flashes)៖ មានអារម្មណ៍ក្ដៅភាយៗពេញរាងកាយភ្លាមៗ។
៦. បែកញើសពេលយប់៖ ជាការប្រែប្រួលកម្ដៅក្នុងខ្លួនយ៉ាងគំហុក ដោយសារការធ្លាក់ចុះអរម៉ូនអ៊ឹស្ត្រូសែន (Estrogen) ធ្វើឱ្យខួរក្បាលផ្នែកគ្រប់គ្រងសីតុណ្ហភាពដំណើរការខុសប្រក្រតី។
៧. ស្ងួតទ្វារមាស៖ បង្កឱ្យមានការឈឺចាប់ ឬមិនស្រណុកក្នុងខ្លួនពេលរួមភេទ។
៨. នោមញឹក៖ មានអារម្មណ៍ថាចង់នោមខ្លាំង និងញឹកញាប់ជាងមុន។
៩. បញ្ហាដំណេក៖ ពិបាកគេង ឬគេងមិនលក់ (Insomnia)។
វ័យជិតអស់រដូវ អាចចាប់ផ្តើមក្នុងចន្លោះអាយុចាប់ពី ៣០៤០ឆ្នាំជាង ទៅ ៥០ឆ្នាំជាង។ រយៈពេលនៃដំណាក់កាលនេះគឺខុសៗគ្នាទៅតាមបុគ្គលម្នាក់ៗ ដោយស្ត្រីខ្លះជួបប្រទះត្រឹមតែរយៈពេលខ្លី ប៉ុន្តែខ្លះទៀតអាចអូសបន្លាយរហូតដល់រាប់ឆ្នាំ។