ការប្រែប្រួលអារម្មណ៍ភ្លាមៗ និងភាពឆាប់ខឹង ជាពិសេសចំពោះស្ត្រីក្នុងវ័យជិតអស់រដូវ ឬអស់រដូវ មិនមែនជាការគិតស្រមើស្រមៃ ឬជាកំហុសនៃការគ្រប់គ្រងអារម្មណ៍នោះទេ ប៉ុន្តែវាជាបាតុភូតជីវសាស្ត្រ និងចិត្តសាស្ត្រធម្មជាតិដែលកើតឡើងលើរាងកាយស្ត្រី។

មូលហេតុចម្បងដែលបណ្តាលឱ្យស្ត្រីក្នុងវ័យនេះងាយរងផលប៉ះពាល់ផ្នែកអារម្មណ៍ រួមមាន៖
១. កម្រិតអរម៉ូន Estrogenថយចុះ
Estrogen មានទំនាក់ទំនងជាមួយ neurotransmitters ដូចជា serotonin និង dopamine។
ដូច្នេះនៅពេលដែល Estrogen)ថយចុះអាចមាន៖
– អារម្មណ៍ប្រែប្រួល (mood swings)
– ឆាប់ខឹង
– ការបារម្ភហួសហេតុ (Anxiety)
– អារម្មណ៍សោកសៅ
– ខ្វះថាមពល
– ពិបាកផ្តោតអារម្មណ៍
– មានអារម្មណ៍ថា “ខួរក្បាលមិនសូវច្បាស់” (brain fog)
២. វិបត្តិដំណេកដោយសារអាការៈក្តៅភាយៗ
– ការបែកញើសយប់ និងអាការៈក្តៅភាយៗពេញខ្លួន (Hot Flashes) តែងតែដាស់ស្ត្រីឱ្យភ្ញាក់ទាំងកណ្តាលអធ្រាត្រ។
– ការគេងមិនស្កប់ស្កល់ ឬដាច់ដំណេករ៉ាំរ៉ៃ ធ្វើឱ្យខួរក្បាលអស់កម្លាំង (Brain Fatigue) ដែលជាហេតុធ្វើឱ្យបាត់បង់ការអត់ធ្មត់នៅពេលថ្ងៃ និងងាយមួម៉ៅលើរឿងតូចតាច។
៣. សម្ពាធផ្លូវចិត្ត និងការផ្លាស់ប្តូររូបរាងកាយ
– ការប្រែប្រួលរូបរាងដូចជា ការឡើងទម្ងន់ងាយ, ស្បែក/សក់ស្ងួត, ឈឺសន្លាក់ និងការស្ងួតទ្វារមាស អាចធ្វើឱ្យស្ត្រីមានអារម្មណ៍បាត់បង់ទំនុកចិត្តលើខ្លួនឯង។
– បម្រែបម្រួលទាំងនេះបង្កើតជាសម្ពាធផ្លូវចិត្ត (Emotional Stress) ធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនឯងប្រែប្រួលខុសពីមុន។
អាការៈមួម៉ៅ និងប្រែប្រួលអារម្មណ៍ក្នុងវ័យនេះ មិនមែនជា “ចរិតចម្លែក” ឬ “ការទាមទារ” នោះទេ ប៉ុន្តែវាជា ប្រតិកម្មជីវសាស្ត្រធម្មជាតិ របស់រាងកាយ។
ការយល់ដឹងពីគ្រួសារ ការហាត់ប្រាណស្រាលៗ និងការពិគ្រោះជាមួយគ្រូពេទ្យជំនាញ គឺជាដំណោះស្រាយដ៏ល្អបំផុត។