ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      យល់ដឹងពីការអស់ឈាមរដូវរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈាមរដូវ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

      ការអស់រដូវ គឺជាដំណាក់កាលធម្មជាតិរបស់ជីវិតមនុស្សស្រី ដែលជាធម្មតាចាប់ផ្តើមកើតឡើងនៅចន្លោះពីអាយុ ៤៥ ទៅ ៥៥ ឆ្នាំ។ ការ​អស់​រដូវ គឺ​ជា​ការ​បញ្ឈប់​ជា​រៀង​រហូត​នៃ​ការ​មកឈាម​រដូវ​រាល់​ខែ និង ​ជា​ការ​បញ្ចប់​ដំណើរការ​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី។ អំឡុងពេលអស់ឈាមរដូវ អូវែស្ត្រីនឹងឈប់ផលិតពងញី ដែលបណ្តាលមកពីកម្រិតអ័រម៉ូន Estrogen និង Progesterone ធ្លាក់ចុះ។

      ស្ត្រីឈានដល់ការអស់រដូវនឹងសម្គាល់ដោយបាត់ឈាមរដូវក្នុងរយៈពេល ១២ ខែ ហើយទន្ទឹមគ្នានេះ អាចប្រឈមនឹងរោគសញ្ញា ផលពិបាក និង បញ្ហាសុខភាពជាច្រើន ដែលប៉ះពាល់ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ការយល់ដឹងអំពីការអស់រដូវ អាចឱ្យស្ត្រីត្រៀមខ្លួនរួចរាល់ក្នុងការបង្ការ ការថែទាំសុខភាព ក៏ដូចជាផ្លាស់ប្តូរជីវិតរស់នៅក្រោយពេលអស់រដូវប្រកបដោយសុខុមាលភាព។

      ដំណាក់កាលនៃការអស់រដូវ

      ១. មុនពេលអស់រដូវ (Perimenopause)

      ជាដំណាក់កាលមិនទាន់អស់ឈាមរដូវទាំងស្រុង ដែលស្ត្រីនឹងមានរោគសញ្ញា រដូវមិនទៀង មានការក្តៅ​ភាយៗនៅលើមុខ និង ក ប្រែប្រួលអារម្មណ៍ ស្ងួតទ្វារមាស និង សម្រាន្តមិនលក់ស្រួល។​ រោគសញ្ញាអាចកើតឡើងក្នុងចន្លោះពី ២ ទៅ ៨ ឆ្នាំ។ ជាធម្មតា ដំណាក់កាលនេះកើតឡើងនៅចន្លោះពីអាយុ ៤០ ដល់ ៥០ ឆ្នាំ។

      ២. អំឡុងពេលអស់រដូវ (Menopause)

      នៅពេលដែលស្រ្តីមិនមករដូវជាប់ៗគ្នាក្នុងរយៈពេល ១២ ខែ។​ ដំណាក់​កាលនេះ អ័រម៉ូន Estrogen និង Progesterone ធ្លាក់ដល់​កម្រិត​ទាប​បំផុត ហើយ អូវែ ឬ​ កន្សោម​ពង​របស់​ស្ត្រី ឈប់​ផលិត​មេ​ជីវិត​ញី ដែល​នេះ​មាន​ន័យ​ថា ស្ត្រី​មិន​អាច​មាន​កូន​តាម​ធម្មជាតិ​ត​ទៅ​ទៀត​បាន​ឡើយ។

      ៣. ក្រោយពេលអស់រដូវ (Postmenopause)

      ក្រោយពេលអស់រដូវស្ត្រីអាចប្រឈមបញ្ហាសុខភាពដូចជា ជំងឺពុកឆ្អឹង និង ជំងឺបេះដូង ដោយសារកម្រិតចុះអ័រម៉ូន Estrogen ធ្លាក់ចុះទាបបំផុត គួបផ្សំទម្លាប់រស់នៅប្រចាំថ្ងៃ។

      រោគសញ្ញាសម្គាល់

      ឈានដល់អាយុអស់រដូវ ក្នុ​ងរយៈពេលច្រើនខែ ឬ ច្រើនឆ្នាំ ស្ត្រីអាចមានរោគសញ្ញាដូចជា ៖ រដូវមិនទៀងទាត់, ទ្វារមាសស្ងួត, ញាក់, ក្តៅភាយៗ, បែកញើសពេលយប់, បញ្ហានៃការគេង, អារម្មណ៍ផ្លាស់ប្តូរ, ស្ត្រេស, ឡើងទម្ងន់, ការរំលាយអាហារយឺត, បាត់បង់ភាពពេញលេញនៃសុដន់, សក់ស្តើង និង​ ស្បែកស្ងួត។ រីឯស្ត្រីខ្លះទៀតអាចមានរោគសញ្ញាដូចជា ៖ បេះដូងលោតញាប់, ឈឺក្បាល, ឈឺចុកចាប់សន្លាក់ និង​ សាច់ដុំ, បាត់បង់ចំណង់ផ្លូវភេទ និង តម្រូវការផ្លូវភេទ និង ភ្លេចភ្លាំងច្រើន ជាដើម។

      បញ្ហាសុខភាពប្រឈម

      ដោយសារការធ្លាក់ចុះនៃកម្រិតអ័រម៉ូន Estrogen ក្រោយពេលអស់រដូវទាំងស្រុង ស្ត្រីអាចប្រឈមជំងឺចម្បងពីរ ដែលគប្បីធ្វើការតាមដានជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រាកដថា ជំងឺនេះមិនវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ។

      ១. ជំងឺពុកឆ្អឹង

      អ័រម៉ូន Estrogen​ ដើរតួយ៉ាងសំខាន់នៅក្នុងឆ្អឹង ធ្វើឱ្យឆ្អឹងរឹងមាំ មិនផុយស្រួយ មិនងាយបាក់។ ជាមធ្យមស្ត្រីនឹងបាត់បង់ម៉ាស់ឆ្អឹង ២៥% ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់អាយុ ៦០ ឆ្នាំ។ ដូច្នេះដើម្បីប្រាកដថាឆ្អឹងនៅតែរឹងមាំ គ្រូពេទ្យជំនាញនឹងធ្វើការតេស្តភាពរឹងមាំនៃឆ្អឹង ដោយប្រើបច្ចេកវិទ្យាម្យ៉ាងហៅថា Bone Densitometry ឬ ការថតវាស់កំហាប់ឆ្អឹង ដែលជាវិធីដ៏រហ័ស មានប្រសិទ្ធភាព និង សុវត្ថិភាពបំផុត ក្នុងការរកមើលកម្រិតកាល់ស្យូមនៅក្នុងឆ្អឹង។

      ២. ជំងឺសរសៃឈាមបេះដូង

      វាកើតឡើងពីកត្តារួមបញ្ចូលគ្នា មានការធ្លាក់ចុះអ័រម៉ូន Estrogen ផង ការកើនឡើងសម្ពាធឈាមផង និង ទម្លាប់ជាប្រចាំនៃការជក់បារី ផឹកភេសជ្ជៈជាតិអាកុល ឬ បរិភោគអាហារមិនល្អចំពោះសុខភាពផងដែរ។ លើសពីនេះ ការអសកម្មរាងកាយ ក៏អាចធ្វើឱ្យឡើង​កូលេស្តេរ៉ូល ឬ លើសជាតិខ្លាញ់។

      តើស្ត្រីអាចការពារមិនឱ្យមានការអស់រដូវបានឬទេ?

      ចម្លើយគឺមិនអាចនោះទេ! ប៉ុន្តែស្រ្តីអាចមានវិធានការថែទាំ ដើម្បីទទួលបានសុខភាពល្អក្រោយអស់រដូវ។​ កាលណាស្រ្តីទទួលបានការថែទាំបង្ការទាន់ពេល ស្រ្តីអាចមានអាយុវែង អាចកាត់បន្ថយអត្រាស្លាប់ដោយជំងឺសរសៃឈាមបេះដូង កាត់បន្ថយជំងឺពុកឆ្អឹង រួមទាំងអាការរោគ ក្តៅមុខមាត់ បែកញើស ហើយធ្វើឱ្យគេងលក់ស្រួល និង មានទំនាក់ទំនងផ្លូវភេទបានល្អប្រសើរ។

       

      នេះគឺជាគន្លឹះខ្លះៗដើម្បីបង្កើនគុណភាពជីវិតស្ត្រីក្នុងវ័យអស់រដូវ ៖

      • ដើម្បីបង្ការជំងឺសរសៃឈាមបេះដូង ជំងឺពុកឆ្អឹង និង ជំងឺមហារីកផ្សេងៗ ស្ត្រីត្រូវថែទាំសុខភាពនៅវ័យកណ្តាលឱ្យបានល្អ ពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញឱ្យទៀងទាត់ មិនចាំបាច់ទាល់តែមានរោគសញ្ញានោះទេ។
      • អនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃឱ្យបានល្អ ដោយទទួលទានអាហារ ដែលមានតុល្យភាព អាហារដែលមានជាតិកាល់ស្យូម និង វីតាមីន D និង បន្លែផ្លែឈើផ្សេងទៀត, រក្សាទម្ងន់កុំឱ្យធាត់, ធ្វើលំហាត់ប្រាណ, ចូលគេងទៀងទាត់ និង ចៀសវាងអាហារជំរុញឱ្យមានការក្រហល់ក្រហាយ ដូចជា អាហារហឹរ អាហារផ្អែម ភេសជ្ជជាតិអាកុល និង កាហ្វេអ៊ីន ជាពិសេស ញុំានៅពេលយប់។
      • មិនថាមុនអស់រដូវ ឬ ចាប់ផ្តើមអស់រដូវភ្លាម ស្ត្រីត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីទទួលបានការតាមដាន និង ព្យាបាលតាមវិធីណាមួយ ដែលមានមុខងារជួយកែលម្អបញ្ហា ធ្វើឱ្យគុណភាពជីវិតក្នុងវ័យនេះមានភាពល្អប្រសើរ។

      ករណីមិនប្រក្រតី ចាំបាច់ជួបគ្រូពេទ្យជំនាញភ្លាម!

      ក្នុងវ័យអស់រដូវ ពេលខ្លះការធ្លាក់ឈាមមិនទៀងទាត់អាចបង្ហាញសញ្ញាដទៃនៃស្ថានភាពសុខភាព។ បើស្ត្រីសម្គាល់ឃើញសញ្ញាមិនប្រក្រតីដូចខាងក្រោម អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ៖

      • ធ្លាក់ឈាមរដូវច្រើនខុសពីធម្មតា
      • មករដូវច្រើនជាង ៧ ថ្ងៃ
      • អំឡុងមករដូវតិចជាង ២១ ថ្ងៃ
      • បាត់រដូវទាំងស្រុងមុនអាយុ ៤៥ ឆ្នាំ
      • ឈាមរដូវកកដុំៗ
      • ហូរឈាមបន្ទាប់ពីរួមភេទ។

      ដូចបានរៀបរាប់នៅខាងដើម ការអស់ឈាមរដូវ ជាដំណាក់កាលធម្មជាតិរបស់មនុស្សស្រី ហើយក៏ជាដំណើរវិវឌ្ឍន៍ធម្មតាឈានទៅរកវ័យចំណាស់។ យ៉ាងណាមិញ រោគសញ្ញាផ្លូវកាយ និង អារម្មណ៍នៃការអស់រដូវ អាចជាបញ្ហាប្រឈម និង មិនងាយស្រួលឡើយសម្រាប់ស្ត្រី។ ស្ត្រីមិនត្រូវបណ្តោយ ឬ ដោះស្រាយវាតែឯងនោះទេ គប្បីប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីរកវិធីបង្ការ ឬ ព្យាបាលណាមួយជួយដល់គុណភាពជីវិតឱ្យល្អប្រសើរ។ បើមានចម្ងល់អ្វីមួយ ឬ ចង់ដឹងបន្ថែមអំពីសុខភាពរដូវ យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បាន​ចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 010 485 585 / 078 999 124 012 999 124 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153