ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់ផែនការគ្រួសារ?

      នៅពេលនិយាយដល់គម្រោងគ្រួសារ មនុស្សភាគច្រើនរមែងមានការខ្មាសអៀន ដោយសារវាពាក់ព័ន្ធទៅនឹងការរួមភេទ។​ ការមានគម្រោងគ្រួសារត្រឹមត្រូវ អាចជួយឱ្យស្ត្រី ឬ ប្តីប្រពន្ធកំណត់ចំនួនកូនដែលចង់បាន កំណត់គម្លាតនៃការពពោះ ថែទាំសុខភាព ព្រមទាំងមានលទ្ធភាពផ្គត់ផ្គង់កូន មើលថែកូន និង គ្រប់គ្រងសេដ្ឋកិច្ចគ្រួសារផងដែរ។ ដើម្បីសម្រេចគម្រោងគ្រួសារបាន អ្វីដែលចម្បងស្ត្រី ឬ ប្តីប្រពន្ធគប្បីធ្វើ គឺការយល់ដឹង​ និង ចាប់ដៃគ្នាពិភាក្សាអំពីការបន្តពូជ និង ការពន្យារកំណើត។ តស់! យើងទៅស្វែងយល់ទាំងអស់គ្នា។

      ហេតុអ្វីគម្រោងគ្រួសារពិតជាសំខាន់? 

      ពិតប្រាកដណាស់ គម្រោងគ្រួសារមានអត្ថប្រយោជន៍ច្រើនដូចជា ៖ ជួយបញ្ចៀសការមានកូនដោយមិនបានគ្រោងទុក ឬ ការមានផ្ទៃពោះដោយចៃដន្យ, កាត់បន្ថយបញ្ហាសុខភាពនៅអំឡុងពពោះ និង ក្រោយសម្រាល ជាពិសេសស្ត្រីវ័យជំទង់។ លើសពីសុខភាព វាជួយស្ត្រីមានឱកាសបន្តការសិក្សា ប្រកបការងារ និង អាជីវកម្ម អាចផ្គត់ផ្គង់ការអប់រំរបស់កូន ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និង អភិវឌ្ឍសហគមន៍ឱ្យរីកចម្រើនផងដែរ។

      បើតាមអង្គការសុខភាពពិភពលោក (World Health Organization) បច្ចុប្បន្ន ស្ត្រីប្រមាណ ៨៧៤ លាននាក់ បាន និង កំពុងប្រើវិធីពន្យារកំណើតបែបទំនើបសម្រាប់គម្រោងគ្រួសារ ដែលវាបានជួយយ៉ាងច្រើនមិនថា គាំទ្រដល់សុខភាពសាធារណៈ ជំរុញសមភាពយេនឌ័រ ពង្រឹងប្រព័ន្ធសុខាភិបាល និង ថែមទាំងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ការព្យាករបន្ថែម ស្ត្រីប្រមាណ ៧០ លាននាក់ទៀត នឹងចូលទៅក្នុងគម្រោងនេះគិតត្រឹមឆ្នាំ ២០៣០។

      តើមធ្យោបាយពន្យារកំណើតមួយណាជាជម្រើសសម្រាប់អ្នក?

      មធ្យោបាយពន្យារកំណើតមានច្រើនបែប ដោយវាមានប្រសិទ្ធភាព និង អត្ថប្រយោជន៍ផ្សេងៗពីគ្នា។ យើងសូមបែងចែកជា ៣ ដើម្បីងាយយល់ ហើយត្រូវទៅតាមតម្រូវការ។

      ១. វិធី​ពន្យារ​កំណើត​រយៈពេល​ខ្លី

      ប្រើស្រោមអនាម័យ​បុរស/នារី, ថ្នាំគ្រាប់ពន្យារកំណើត (១​ បន្ទះ ​២៨ ​គ្រាប់ មាន​ប្រសិទ្ធភាព​បាន ​១ ​ខែ), ថ្នាំការពារកំណើតបន្ទាន់ (ប្រើអំឡុងពេល ៧២ ម៉ោង ក្រោយពេលរួមភេទ), ថ្នាំ​ចាក់ពន្យារកំណើត (១​ ម្ជុល​មាន​ប្រសិទ្ធភាព​បាន​៣ ​ខែ), កៅអៀក​បិតពន្យារកំណើត (១​ បន្ទះ​បិត​បាន ១ សប្ដាហ៍)។ ដោយឡែក សម្រាប់ការប្រើស្រោមអនាម័យត្រឹមត្រូវ មិនត្រឹមតែអាចជួយដល់ការពន្យារកំណើតបានទេ ប៉ុន្តែវានៅអាចជួយការពារពីការឆ្លងមេរោគនៅពេលរួមភេទ ជាពិសេសមេរោគអេដស៍ និង កាមរោគទៀតផង។

      ២. វិធី​ពន្យារ​កំណើត​រយៈពេល​វែង

      កង​ដាក់​ក្នុង​ស្បូន (​គ្មាន​ជាតិ​អ័រម៉ូន​មាន​ប្រសិទ្ធភាព ១០ ឆ្នាំ), កង​ដាក់​ក្រោម​ស្បែក (មាន​ប្រសិទ្ធភាព ៣ ឆ្នាំ សម្រាប់​កង ១ ដើម និង​ មាន​ប្រសិទ្ធភាព ៥ ឆ្នាំ សម្រាប់​កង ២ ដើម)។

      ៣. វិធី​ពន្យារ​កំណើត​អចិន្ត្រៃយ៍

      ការ​ចងដៃ​ស្បូន (បញ្ឈប់​កំណើត​ជា​អចិន្ត្រៃយ៍) ចង​បំពង់​បង្ហូរ​មេ​ជីវិត​បុរស (បញ្ឈប់​កំណើត​ជា​អចិន្ត្រៃយ៍)។ គួរកត់ចំណាំ វិធីនេះត្រូវមានការសម្រេចចិត្តឱ្យច្បាស់លាស់ និង ពិភាក្សាជាមួយគ្រូពេទ្យឱ្យបានល្អិតល្អន់។

      យោងតាមអ្នកជំនាញពី VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មាន​ចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព ការជ្រើសរើសមធ្យោបាយពន្យារកំណើតឱ្យបានត្រឹមត្រូវ អាស្រ័យលើកត្តាផ្សេងៗ រួមទាំងសុខភាពទូទៅ របៀបរស់នៅ ចំណូលចិត្ត និង ផែនការគ្រួសារនាពេលអនាគត។ ដូចនេះ ចូរពិភាក្សាអំពីជម្រើសរបស់អ្នកជាមួយអ្នកឯកទេសផ្នែកសុខភាពបន្តពូជ ដែលនឹងជួយអ្នកធ្វើការសម្រេចចិត្ត ដោយផ្អែកលើលក្ខណៈសមស្របរបស់អ្នក។

      ចម្ងល់ និង ចម្លើយគួរយល់ដឹងបន្ថែម!  

      ខាងក្រោមនេះជាសំណួរខ្លះៗពីស្ត្រី និង ការឆ្លើយតបពីអ្នកជំនាញរបស់ VIYA Cambodia

      ១. តើមធ្យោបាយពន្យារកំណើតមានប្រសិទ្ធភាពយ៉ាងដូចម្តេច ក្នុងការការពារការមានផ្ទៃពោះ?

      ប្រសិទ្ធភាពនៃមធ្យោបាយពន្យារកំណើតប្រែប្រួលអាស្រ័យលើមធ្យោបាយដែលបានប្រើ។ មធ្យោបាយមួយចំនួន ដូចជាមានជាតិអ័រម៉ូន ឬ កងដាក់ក្នុងស្បូន មានប្រសិទ្ធភាពជាង ៩៩% ខណៈពេលដែលមធ្យោបាយផ្សេងទៀត ដូចជាស្រោមអនាម័យមានអត្រាប្រសិទ្ធភាពទាបជាង។ វាមានសារសំខាន់ណាស់ក្នុងការប្រើមធ្យោបាយពន្យារកំណើតឱ្យបានជាប់លាប់ ទៀងទាត់ និង ត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព។

      ២. តើខ្ញុំអាចប្តូរមធ្យោបាយពន្យារកំណើតផ្សេងៗទៀតពីមួយទៅមួយបានដែរឬទេ?

      ជាទូទៅអាចប្តូររវាងមធ្យោបាយពន្យារកំណើតផ្សេងៗទៀតបាន។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការប្រឹក្សាជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីធានាបានលើការចង់ផ្លាស់ប្តូរមធ្យោបាយពន្យារកំណើតដោយភាពរលូន និង ការការពារដោយគ្មានការរំខាន និង ការមានផ្ទៃពោះដោយចៃដន្យ។

      ៣. តើខ្ញុំអាចមានផ្ទៃពោះភ្លាមៗទេ បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើត?

      ការមានកូនអាចត្រលប់មកវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើតមួយចំនួន ដូចជា មធ្យោបាយដែលប្រើអ័រម៉ូន។​ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៃការធ្វើឱ្យមានកូនឡើងវិញ មានភាពខុសៗគ្នាពីបុគ្គលមួយទៅបុគ្គលមួយ និង អាស្រ័យលើមធ្យោបាយដែលប្រើ។ គួរពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព សម្រាប់ការណែនាំពីពេលវេលា ដែលអ្នកអាចរំពឹងថានឹងមានផ្ទៃពោះឡើងវិញ បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើតណាមួយ។

      មែនទែនទៅ ការពន្យារកំណើត គឺជាស្នូលដ៏សំខាន់នៅក្នុងផែនការគ្រួសារ។​ មិនថាអ្នកជ្រើសរើសមធ្យោបាយពន្យារកំណើតបែបណា គ្រប់វិធីសាស្ត្រខាងលើ គួរតែត្រូវបានឆ្លងកាត់ការពន្យល់ណែនាំត្រឹមត្រូវពីអ្នកជំនាញ ពីព្រោះវិធីនីមួយៗនឹងត្រូវសម្របទៅតាមលក្ខណរបស់ស្ត្រីម្នាក់ៗ ក៏ដូចជាផែនការគ្រួសាររៀងៗខ្លួន។ ដូច្នេះ បើមានចម្ងល់អ្វីមួយ ឬ ចង់ដឹងបន្ថែមអំពីគម្រោងគ្រួសារ និង ការពន្យារកំណើត យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បាន​ចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 010 485 585 / 078 999 124 012 999 124 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153